រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្សព្វផ្សាយនូវសកម្មភាពចម្បងៗ របស់ក្រសួង ដែលកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយកាប្រើប្រាស់ប្លាស្ទិកជាមួយសិស្សានុសិស្ស នៅតាមសាលាទូទាំងប្រទេស
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រួសងបរិស្ថាន នារសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយMr. Andy HEWSON នាយកគ្រប់គ្រងក្រុមហ៊ុន HEINEKEN Cambodia នៅទីស្តីការក្រសួង។
ជាកិច្ចចាប់ផ្ដើម Mr. Andy HEWSON នាយកគ្រប់គ្រងក្រុមហ៊ុន HEINEKEN Cambodia បានថ្លែងអបអរសាទរជូន ចំពោះឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត ដែលត្រូវបានរាជរដ្ឋា ភិបាលកម្ពុជា នាអាណត្តិទី៧ តែងតាំងជារដ្ឋមន្រ្តី ក្រសួងបរិស្ថាន ហើយជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទំនាក់ទំនង និងកិច្ចសហការដ៏ល្អ ជាមួយគ្នានេះផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្សព្វផ្សាយនូវសកម្មភាពចម្បងៗ របស់ក្រសួងបរិស្ថាន ដែលបច្ចុប្បន្នកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយកាប្រើប្រាស់ប្លាស្ទិកជាមួយសិស្សានុសិស្ស នៅតាមសាលារៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣មក។
ជាលទ្ធផលក្រសួងបរិស្ថានទទួលបានសាលារៀនចូលរួមចំនួន ៥ខេត្ត និងមានសិស្សានុសិស្សជិត ៣ម៉ឺននាក់ចូលរួមប្តេជ្ញាមិនប្រើប្លាស្ទិក ១ថ្ងៃក្នុង១សប្តាហ៍។ យល់ស្របទាំងស្រុងជាមួយនឹងសកម្មភាពរបស់ក្រសួងបរិស្ថាន Mr. Andy HEWSONមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមិនប្រើប្រាស់ប្លាស្ទិកទេ ហើយបានប្រើដប និងអាលុយមីញ៉ូមជំនួសវិញ រួមទាំងគោរពបាននូវគោលការណ៍ 4Rs របស់ក្រសួងបរិស្ថានដែលបានដាក់ចេញ ដែលរួមមាន បដិសេធមិនប្រើប្លាស្ទិក កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ ៕