ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងផ្តល់សម្ភារការដ្ឋានផ្លូវថ្នល់
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់។ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ អគ្គនាយក លោកប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នាឱកាសនោះ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឡេីងរាយការណ៍ពីបច្ចុប្បន្នភាពការងារដែលកំពុងអនុវត្ត ទិសដៅការងារបន្ត និងសំណូមពរមួយចំនួន ជាអាទិភាពជូនឯកឧត្តមរដ្ឋមន្ត្រី។
ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនោះ ធ្វេីការជម្រាបជូនអង្គពិធី អំពី យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថែមទៀតថា ក្រសួងត្រូវយកចិត្តទុកដាក់ជាសំខាន់ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រូី បានសម្តែងនូវការកោតសរសេីរ ចំពោះការខិតខំប្រឹងប្រែង របស់មន្ទីរ ក្នុងការបំពេញការងារជំនាញរបស់ខ្លួន និងបានផ្តល់អនុសាសន៍ឱ្យបន្តថែរក្សា ការពារសមិទ្ធផលដែលបានកសាងក្នុងអាណត្តិទី៦ និងអាណត្តិកន្លងទៅ និងត្រូវបន្តជំរុញការធ្វេីកំណែទម្រង់ ព្រមទាំងជំរុញការអភិវឌ្ឍ បន្ថែមទៀតតាមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាកិត្តិយសបំពាក់មេដាយដល់មន្ត្រីមន្ទីរ ដែលមានស្នាដៃការងារកន្លងទៅ ព្រមទាំងបានផ្តល់សម្ភារ និងផ្លាកសញ្ញាសុវត្ថិភាព ការដ្ឋានផ្លូវថ្នល់ មានមួកការដ្ឋាន អាវចំណាំងផ្លាត ម៉ាស៊ីនកាត់ស្មៅ កៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ៕