គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅចិន និងចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាននីង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណដ្ឋប្រជាមានិតចិន ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ និងចូលរួមពិព័រអាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណានីន។
ក្នុងឱកាសអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្រ្តី អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមអម សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងជំនួបសម្តែងការគួរសមជាមួយនឹងធុរជន នៅទីក្រុងប៉េកាំង និងចូលរួមពិព័ណ៍អាស៊ាន-ចិន លើកទី២០ ព្រមទាំងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) នៅទីក្រុងណានីន៕