កម្ពុជា បាត់បង់សត្វផ្សោតមួយក្បាលទៀត ដោយសារមូលហេតុចាស់ស្លាប់
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទីរសៀល មានសត្វផ្សោតមួយក្បាលបានស្លាប់ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បន្ទាប់ពីបានទទួលព័ត៌មាន ក្រុមការងារនៃរដ្ឋបាលជលផល និងអង្គការ WWF បានចុះពិនិត្យសាកសព និងរកឃើញថា សត្វផ្សោតដែលស្លាប់នេះ ជាផ្សោតញី មានលេខសម្គាល់ ០៨៧ ទម្ងន់១០៥គក្រ និងប្រវែង ២,១០ម៉ែត្រ អាយុប្រមាណ ២៧ឆ្នាំ (សត្វផ្សោតរស់បានពី២៥-៣០ឆ្នាំ)។
នៅពេលរកឃើញ សពសត្វផ្សោតមានសភាពហើម មានក្លិនស្អុយ ធ្លាយពោះ និងរលេះរលួយស្បែក។ ចំណែកមូលហេតុនៃការស្លាប់ តាមរយៈការធ្វើកោសល្យវិច្ច័យ គឺបណ្តាលមកពីវ័យចាស់ជរា។
សូមបញ្ជាក់ជូនថា នៅក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ នៅកម្ពុជា មានសត្វផ្សោតកើតថ្មីចំនួន៧ក្បាល និងស្លាប់ចំនួន៤ក្បាល ដោយក្នុងចំណោមផ្សោតដែលស្លាប់នោះ មានផ្សោតចាស់១ក្បាល ផ្សោតជំទង់១ក្បាល និងកូនផ្សោតចំនួន២ក្បាល៕