សម្ដេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលេីកឡេីង តាមបណ្ដាញតេឡេក្រាមមុននេះបន្តិចថា ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។ ខ្ញំកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត។
មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែទើប នាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។
ផ្ទុយពីការគិតរបស់ខ្ញុំនាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ ដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ។
កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ។