នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើភាគីចិនបន្ត គាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើភាគីចិនបន្ត គាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា និងបានអរគុណចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាផងដែរ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង នាថ្ងៃទី១៥ កញ្ញានេះ សម្ដេចធិបតី ក៏បានអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា ៕