សម្តេច ម៉ែន សំអន សំណូមពរឲ្យសិក្ខាកាមធ្វើការចែករំលែកនូវបទពិសោធន៍ដែលខ្លួនទទួលបាន ដល់មូលដ្ឋានរបស់ខ្លួន
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស និងប្រគល់វិញ្ញាបនប័ត្រជូន សិក្ខាកាម កម្រិត២ ជំនាន់ទី៤ នៅវិមាន៧មករា ដែលមានសិក្ខាកាមចូលរួមចំនួន ១២៤រូប។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ថ្លែងនូវការកោតសសើរចំពោះការខិតខំរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាក្នុងការសិក្សារយៈពេលកន្លងមកនេះ ដោយការយកចិត្តទុក្ខដាក់ខ្ពស់។
សម្តេចបានបន្តទៀតថា ឆ្លងកាត់តាមរយៈការបណ្តុះបណ្តាលរយៈពេល ១សប្តាហ៍នេះ គឺពិតជាធ្វើឲ្យសិក្ខាកាមគ្រប់រូបទទួលបាននូវធាតុចូលដ៏សំខាន់ ជាពិសេស តាមរយៈ ការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស គឺទាមទារឲ្យមានទាំងសមត្ថភាព ទាំងគុណធម៌ មានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេន ដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សនាពេលអនាគតថែមទៀត។
សម្តេចក៏បានសំណូមពរឲ្យសិក្ខាកាម កម្រិត២ ជំនាន់ទី៤នេះ សូមចូលរួមចែករំលែកនូវបទពិសោធន៍ដែលទទួល ក្នុងរយៈពេលឧទ្ទេសនាម និងធ្វើការផ្សព្វផ្សាយបន្ត ដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ៕