អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នៅទីក្រុងណាននីង
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកចូលរួមពិព័រណ៌ចិន-អាស៊ានលើកទី២០ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញទៅទស្សនាក្រុមហ៊ុន State Power Investment Group នៅទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឲ្យក្រុមហ៊ុនស្វែងរកកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការថាមពលរវាងអាស៊ាន និងចិន។
ព្រឹកដដែលនោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Yun ប្រធានក្រុមហ៊ុន China Railway Group (CREC) Limited។
កិច្ចប្រជុំបានពិភាក្សាអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងអាស៊ាន ព្រមទាំងការគាំទ្ររបស់ក្រុមហ៊ុន ដើម្បីធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។
លុះនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងនៅក្នុងវេទិកាអាស៊ាន-ចិន ស្តីពីការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរដោយសន្តិវិធី លើកទី២។
អគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឲ្យអាស៊ាន និងចិនបង្កើនកិច្ចសហការក្នុងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរដោយសន្តិវិធី ដើម្បីជាប្រយោជន៍ទៅវិញទៅមកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ នៅមុនពេលចូលរួមក្នុងវេទិកា ឯកឧត្តមក៏បានជួបពិភាក្សាការងារជាមួយលោក Gu Jun ប្រធានក្រុមហ៊ុន China National Nuclear Corporation ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសំដែងនូវការអបអរសាទរជាថ្មីម្តងទៀត ចំពោះលោកស្រី សម្រាប់ការតែងតាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយទន្ទឹងថាទទួលបានការគាំទ្របន្តទៀត ពីប្រទេសកម្ពុជា ក្នុងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានបន្ថែមទៀត ៕