ក្រសួងកសិកម្មកម្ពុជា ស្នើសមភាគីចិន ជួយជំរុញនូវមុខទំនិញអាទិភាពចំនួន៣ សម្រាប់នាំចេញមកកាន់ទីផ្សារចិន និងអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសមភាគីជួយសហការផ្នែកបច្ចេកទេសដើម្បីជំរុញនូវមុខទំនិញអាទិភាពចំនួន៣ដូចជា អង្ករ ស្វាយចន្ទីរ និងត្រីចិញ្ចឹម នៅក្នុងច្រករបៀងអង្ករ និងមច្ឆា សម្រាប់នាំចេញមកកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិដទៃទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានស្នើបែបនេះ ក្នុងឱកាសដែលឯកឧត្តម បានជួបពិភាក្សាការងារជាមួយសមភាគី ឯកឧត្តម Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងណាននីង នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានលើកពីសមិទ្ធផលធំៗជាច្រើនដែលសម្រេចបានក្រោមកិច្ចសហការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ មន្ទីរពិសោធន៍ផលិតផលកសិកម្ម, មជ្ឈមណ្ឌលជំរុញផលិតផលកសិកម្មកម្ពុជា និងការកសាងសមត្ថភាពបច្ចេកទេសដល់មន្ត្រីកសិកម្ម។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ (Foreign Economic Cooperation Center) នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលបានសហការយ៉ាងជិតស្និទជាមួយមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានរៀបចំនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មកម្ពុជា ២០២៤-២០២៨។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរអំពីយន្តការសម្រាប់ជំរុញអនុវត្តឱ្យមានប្រសិទ្ធភាព និងបានជាផលប្រយោជន៍ដល់ភាគីទាំងសងខាងនូវច្រករបៀង មច្ឆា និងអង្ករ ដែលភាគីទាំងបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយត្រូវរៀបចំនូវគណៈកម្មការតម្រង់ទិសដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំងពីរ និងក្រុមការងារបច្ចេកទេសរួម សម្រាប់រៀបចំផែនការសកម្មភាពអនុវត្តអោយត្រូវតាមគោលនយោបាយដែលបានកំនត់ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់អ្នកវិនិយោគិនចិនដែលមានជំនាញ និងបច្ចេកទេសទីផ្សារល្អៗ មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសលើការកែច្នៃ វិចខ្ចប់ផលិតផលកសិកម្មដែលមានស្រាប់ ឱ្យទៅជាផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានឈ្មោះល្បីលើទីផ្សារអន្តរជាតិ ៕