គណៈសង្ឃនាយក អំពាវនាវដល់គ្រប់វត្តអារាម ទូងស្គរ នៅថ្ងៃទី២០ កញ្ញា ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតទូលថ្វាយ ប្រគេនដំណឹងដល់សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថា ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈសង្ឃនាយកសូមប្រគេនព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការត្រៀមរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំងប្រទេសកម្ពុជាឱ្យបានព្រមៗគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទីព្រឹក កុំបីអាក់ខានឡើយ។