កម្ពុជា ស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ
ភ្នំពេញ៖ កម្ពុជា ស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត របស់ប្រទេសចិនក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣នៅប្រាសាទព្រះវិហារ។
ការថ្លែងស្វាគមន៍នេះធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជំនួបរវាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការ បេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
នៅក្នុងជំនួបនោះលោកជំទាវរដ្ឋមន្រ្តី បានរំលឹកឡើងអំពីមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានតាំងពីសម័យអង្គរ ហើយត្រូវបានលើកកម្ពស់តាមរយៈ សម្តេចព្រះបរមរតនកោដ នរោត្តមសីហនុ និងក្រោយមកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ភាគីទាំងពីរក៏បានលើកឡើងអំពីការចូលរួមរបស់ភាគីចិននៅក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរ ហើយស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣នៅប្រាសាទព្រះវិហារ។
ជាមួយគ្នានោះ ភាគីចិនក៏បានសន្យាថានឹងពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជាលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគត។ នៅទីបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមមួយដើម្បីជម្រុញទំនាក់ទំនងការងារឲ្យកាន់តែមានប្រសិទ្ធិភាពនៅពេលអនាគត ៕