សម្តេចធិបតី៖ ពេលខ្ញុំជួបមេដឹកនាំប្រទេសមួយចំនួន លើភពិភពលោក តែងបញ្ជាក់ជំហរនយោបាយរបស់កម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពេលសម្តេចជួបពិភាក្សាការងារ ជាមួយមេដឹកនាំប្រទេសមួយចំនួន នៅលើភពិភពលោក សម្តេចតែងតែបញ្ជាក់ ពីជំហរនយោបាយរបស់កម្ពុជា នៅតែរក្សានូវអ្វី ដែលធ្លាប់បានកសាងជាមួយគ្នា និងបន្តពង្រីកកិច្ចសហប្រតិបត្តិ ឱ្យកាន់តែរីកចម្រើនថែមទៀត ។
ក្នុងឱកាសអញ្ជើញ បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ដែលទទួលខុសត្រូវ ហើយជាពិសេស បន្តនូវអ្វីដែលសម្តេចតេជោបន្សល់ទុក ហើយរដ្ឋាភិបាលកម្ពុជា នៅអនាគតក្រោយពីខ្ញុំក៏ដោយ នៅតែបន្តគោលនយោបាយ ដើម្បីផលប្រយោជន៍ជាតិ សូមជឿចុះ នេះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បុព្វហេតុជាតិមិនដែលដូចទេ» ។
សម្ដេចបន្តថា «បងប្អូនសួរថា តើទស្សនកិច្ចនៅចិន ប្រកាន់ជំហរនយោបាយចិនតែមួយ ហើយថារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថ្មីនេះ ធ្វើដដែលនយោបាយចិន។ រឿងប្រកាន់ជំហរនយោបាយមិនប្រែប្រួលការបរទេសទេ មិនមែនតែខ្ញុំធ្វើជាមួយចិនទេ ខ្ញុំបានបញ្ជាក់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ក៏គាត់ចង់ដឹងដែរ ថាគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថ្មីយ៉ាងម៉េច ខ្ញុំជួបនៅហ្សាការតា ខ្ញុំប្រាប់គាត់ថាគោលនយោបាយយើងជាមួយជប៉ុន មិនប្រែប្រួល យើងនៅបន្តថែរក្សាពូនជ្រំ អ្វីដែលកសាងបាន និងបន្តពង្រីកថែមតទៅទៀត ជួបប្រធានាធិបតីកូរ៉េខាងត្បូង ក៏និយាយដូចគ្នា ប្រធានាធិបតីហ្វីលីពីន ក៏ដូចតែគ្នាដែរ ហើយជួបជាមួយនឹងគណៈប្រតិភូសភាអាមេរិក ជាមួយទូតអាមេរិក ក៏និយាយដូចគ្នា គោលយោបាយកម្ពុជា គឺនៅរក្សា និងបន្តនិរន្តភាព សង្គតភាពតទៅទៀត អីចឹងគ្មានអីប្លែកទេ» ៕