សម្តេចធិបតី៖ ការខិតខំប្រឹងប្រែង និងសីលធម៌ល្អរបស់ខ្មែរ ជាកត្តានាំជំរុញចិត្តឲ្យប្រធានាធិបតីកូរ៉េ សន្យាពង្រីកចំនួនកូតាពលករ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កត្តាខិតខំប្រឹងប្រែង និងសីលធម៌ល្អរបស់ពលករខ្មែរ ជាហេតុជំរុញចិត្តឲ្យប្រធានាធិបតីកូរ៉េខាងត្បូង សន្យានឹងពង្រីកចំនួនកូតាពលករខ្មែរ ឱ្យបានច្រើនដើម្បីចេញទៅធ្វើការនៅកូរ៉េ ។
ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១៩ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណេត បញ្ជាក់ថា «ប្រធានាធិបតីកូរ៉េ ឆ្នាំនេះគាត់ជួបខ្ញុំនៅទីក្រុងហ្សាការតា គាត់ថានឹងខិតខំពង្រីកកូតា ឱ្យបងប្អូនយើងបានទៅធ្វើការនៅទីនោះបន្ថែមទៀត គាត់សសើរថាពលករខ្មែរយើង ទៅធ្វើការនៅកូរ៉េ ប្រកាន់នឹងការខិតខំប្រឹងប្រែង មានសីលធម៌ល្អ»។
សម្តេចធិបតី បន្ថែមថា បច្ចុបច្ចុប្បន្ន តាមការបងប្អូនពលករ សិស្សនិស្សត ដែលបានចេញទៅបំពេញការងារ និងសិក្សានៅក្រៅប្រទេសបានមិនមែនគ្រាន់តែទៅបំពេញការងារ និងសិក្សានោះទេ ប៉ុន្តែ ពួកគាត់បានចូលរួមផ្សព្វអរិយធម៌ ប្រពៃណីជាតិខ្មែរ ឱ្យបរទេសបានស្គាល់ខ្មែរកាន់តែច្បាស់លើឆាកអន្តរជាតិ។
សម្តេចធិបតី ថ្លែងថា បើទោះបីធ្វើទំនើបកម្មយ៉ាងណា ក៏ត្រូវបោះបង់វប្បធម៌ និងប្រពៃណីរបស់ខ្លួននោះឡើយ។ បន្ថែមពីនេះដើម្បីដោះស្រាយការងារទទួលបានប្រាក់ចំណូលទ្រទ្រង់ជីវភាពនោះ រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែដាក់ចេញគោលនយោបាយបង្កើតការងារក្នុងស្រុកប៉ុណ្ណោះទេ តែក៏បានដាក់ចេញគោលនយោបាយពង្រីកការងារជូនប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ ៕