សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសហព័ន្ធសហជីពឡាវ ឯកភាពគ្នាប្រាំមួយចំណុចដើម្បីបង្កើតទំនាក់ទំនងទ្វេរឱ្យកាន់តែរឹងមាំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែ កញ្ញាឆ្នាំ ២០២៣ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាជាមួយគណៈប្រតិភូសហព័ន្ធសហជីពឡាវហៅកាត់ ថា LFTU នៅទីស្នាក់ការ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ។ ក្រៅពីចុះ MoU ភាគីទាំងពីរក៏បានពិភាក្សាការងារនិងផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមកផងដែរ។
ឯកឧត្តម សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាNACC បានមានប្រសាសន៏ថា តបតាមការអញ្ជើញរបស់ឯកឧត្តម គណៈប្រតិភូឡាវនេះដឹកនាំដោយលោកជំទាវ Aly Vongnobountham ជាសមាជិកគណៈកម្មាធិការបក្ស និងជាប្រធានសហព័ន្ធសហជីពឡាវ បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៥ថ្ងៃ។
ឯកឧត្តមសួង ហួត បន្តថា ភាគីទាំងពីរ បានពិភាក្សាផ្តោតលើការបន្តកិច្ចសហប្រតិបត្តិការរវាងសហជីពនៃប្រទេសទាំងពីរឲ្យកាន់តែល្អនិងស៊ីជម្រៅបន្ថែមទៀត ។នៅក្នុងពិធីចុះហត្ថលេខាលើ MoU នេះ ក៏មានវត្តមាន ឯកឧត្តម BUAKEO PHUMVONGSAY ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថកិច្ចនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញចូលរួមធ្វើជា សាក្សីផងដែរ។
ឯកឧត្តមបញ្ជាក់ថា ចំពោះអនុសារណៈដែលភាគីទាំងពីរបានឯកភាពគ្នាគឺផ្តោតលើចំណុចសំខាន់ៗ៦ចំណុចដូចតទៅ៖១-ភាគីទាំងពីរឯកភាព បង្កើតទំនាក់ទំនងទ្វេរភាគីជាផ្លូវការ២-ភាគីទាំងពីរសម្របសម្រួលនិងផ្លាស់ប្តូរយោបល់ដើម្បីគាំទ្រគ្នានៅលើវេទិការអន្តរជាតិ។៣-ផ្លាស់ប្តូរគណៈប្រតិភូធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមកដោយប្តូរវេនគ្នា ហើយចំនួនប្រតិភូមិនអោយលើស5នាក់និងមានរយៈពេលមិនអោយលើស5ថ្ងៃ។ ៤-ភាគីទាំងពីរលើកទឹកចិត្ត និងជួយសម្របសម្រួលភ្ជាប់ទំនាក់ទំនងដល់សហជីពនៃប្រទេសទាំងពីរ ជាពិសេស សហជីពនៅខេត្តដែលមានព្រំដែនជាប់គ្នា ដើម្បីសហការនិងអភិវឌ្ឍដោយផ្ទាល់ តែត្រូវអនុឡោមតាមច្បាប់នៃប្រទេសទាំងពីរ។
៥-សហជីពទាំងពីរ និងរៀបចំអោយគណៈកម្មការស្រ្តីនៃសហជីពទាំងពីរអាចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងករណីចាំបាច់ និង៦-អនុឡោមតាមស្មារតីនៃ MoU នេះភាគីទាំងពីរត្រូវសហការគាំទ្រគ្នាទាំងនៅលើឆាកជាតិនិងអន្តរជាតិ៕