គណៈរដ្ឋមន្ត្រី សម្រេចអនុម័ត លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ ដែលមាន ៦៤មាត្រា
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័តលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ ត្រូវបានរៀបចំឡើងចំនួន៦៤មាត្រា ជំនួសអនុក្រឹត្យចាស់ឆ្នាំ២០១៤ ដើម្បីធានានូវប្រសិទ្ធភាពគុណភាព និងសមិទ្ធកម្មនៃការដឹកនាំ និងការគ្រប់គ្រងវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងបរិបទថ្មីនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ព្រមទាំងភាពចាំបាច់នៃការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារ សាធារណៈ ក៏ត្រូវបំពេញតួនាទី និងភារកិច្ចក្នុងក្របខណ្ឌជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងត្រូវបំពេញបេសកកម្ម និងមុខងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងប្រកបដោយថាមភាពឈរលើអភិក្រ មការងារប្រកបដោយជវភាពនៃគ្រប់តួអង្គក្នុង និងក្រៅក្រសួងដើម្បីសម្រេចឱ្យបាននូវគោលដៅកំណត់ដោយរាជរដ្ឋាភិបាល ក៏ដូចជាគាំទ្រដល់គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដើម្បីបម្រើប្រជាជនឱ្យកាន់តែ ប្រសើរឡើង៕