នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ទៅលើបញ្ហា ក៏ដូចជាសំណើ និងសំណូមពរពាក់ព័ន្ធទៅនឹងប្រតិបត្តិករដឹកជញ្ជូនអ្នកដំណើរផ្លូវគោក ក្នុងស្រុក និងក្រៅប្រទេសដើម្បីដាក់ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យ។
ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ប្រធាន-អនុប្រធាននាយកដ្ឋានទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ និងសមាជិក នៃសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ជាច្រើនរូបផងដែរ។
នាឱកាសនោះ លោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានរាយការណ៍ជូន ឯកឧត្តម រដ្ឋលេខាធិការ ក៏ដូចជាអង្គប្រជុំ អំពីកិច្ចការងារដែលពាក់ព័ន្ធក្នុងវិស័យដឹកអ្នកដំណើរផ្លូវគោកក្នុងស្រុក និងដឹកជញ្ចូនឆ្លងដែន ចាប់តាំងពីមានវិបត្តិកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននេះ។ លោកប្រធានសមាគម ក៏បានលើកយកនូវសំណើមួយចំនួនដាក់ជូន ឯកឧត្តម រដ្ឋលេខាធិការ ដើម្បីធ្វើការពិនិត្យ និងជួយសម្របសម្រួលផងដែរ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម សួន វ៉ាន់ហុង អគ្គនាយករង នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ទាក់ទងនឹងបញ្ហា និងសំណូមពរដែលសមាគមបានលើកឡើង ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានធ្វើការគិតគូរ និងពិចារណាលើករណីនេះដែរ ដោយសារកន្លងមក មានការសំណូមពរជាច្រើនពីវិស័យឯកជន ទន្ទឹមនឹងសំណូមពរនេះដែរ ឯកឧត្តម អគ្គនាយករង ស្នើឱ្យសមាគមគិតគូរឡើងវិញ ទៅលើសំណើមួយចំនួនដែលសមាគមបានលើកឡើងខាងលើឱ្យបានច្បាស់លាស់។
ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់សំណើ និងសំណូមពរដែលសមាគមបានលើកឡើង មានចំណុចមួយចំនួន ក្រសួងបានធ្វើការពិនិត្យ និងដោះស្រាយ នាពេលកន្លងមកនេះ ដោយឡែកសម្រាប់សំណើរមួយចំនួនទៀត ឯកឧត្តម រដ្ឋលេខាធិការ នឹងធ្វើការសិក្សា និងវាយតម្លៃបន្ថែម ដើម្បីដាក់ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើការពិនិត្យតាមការជាក់ស្ដែង៕