សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពី អង្គរនិងសំបូរព្រៃគុក នឹងរៀបចំនៅទីស្នាក់ការធំនៃអង្គការយូណេស្កូ
ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសដ៏មមាញឹកក្នុងកិច្ចប្រជុំលើកទី៤៥នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារ៉ាប៊ីត ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្ដម ផាន់ ណាឌី រួមជាមួយប្រតិភូដែលមានលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចូលជួបប្រជុំការងារជាមួយ ឯកឧត្ដម Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការយូណេស្កូ ដើម្បីពិភាក្សាអំពីការសម្របសម្រួលនានាក្នុងការត្រៀមរៀបចំសន្និសីទលើកទី៤នៃអន្តររដ្ឋាភិបាលអំពីអង្គរដែលនឹងប្រព្រឹត្តនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។
សន្និសីទអន្តររដ្ឋាភិបាលនេះរៀបចំឡើងដើម្បីកំណត់នូវគោលនយោបាយ និងទិសដៅសកម្មភាពនានាសំដៅពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចល្អនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរនិងរមណីយដ្ឋានសំបូរព្រៃគុក។
សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានប្រារព្ធឡើងលើកទី១ នៅឆ្នាំ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លើកទី២ នៅឆ្នាំ២០០៣ នាទីក្រុងប៉ារីស ប្រទេសបារាំង និងលើកទី៣ នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា។
នៅឆ្នាំ២០១៩ គណៈកម្មាធិការនេះត្រូវបានពង្រីកសមត្ថកិច្ចបន្ថែមដល់រមណីយដ្ឋានសំបូរព្រៃគុក ដោយប្តូរឈ្មោះថា គណៈកម្មការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ៕