សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមានកង្វល់រួមពីអស្ថិរភាពពិភពលោក និងការកើនឡើង នូវភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា «ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពលោក និងការកើនឡើង នូវភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ» ។
ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិ ដ៏ឧត្ដុងឧត្ដម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួម ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ការវិវត្តកាន់តែដុនដាបនៃសង្គ្រាមនៅអ៊ុយក្រែន និងផលលំបាកនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេសមានអំណាចធំៗ បានរុញច្រានឱ្យមានការបង្វែរធនធានយកទៅប្រើប្រាស់ ក្នុងគោលដៅពង្រីកសមត្ថភាព ផ្នែកសន្តិសុខវិញ ។
សម្ដេចបន្តថា ប្រការនេះបានធ្វើឱ្យធនធានដែលត្រូវការចាំបាច់ ដើម្បីដោះស្រាយផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងការខិតខំសម្រេចរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព កាន់តែខ្សត់ខ្សោយទៅ ៕