នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស និងមិនអនុញ្ញាតឱ្យប្រទេស ឬក្រុមណាមួយប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងប្រទេសផ្សេងទៀត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងប្រាប់ អង្គការសហប្រជាជាតិ ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋាន យោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ និងមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសផ្សេងទៀត ។
ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជានឹងបន្តដើរលើមាគ៌ានយោបាយការបរទេស បច្ចុប្បន្នដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានការច្បាប់ គោរពគ្នាទៅវិញទៅមកដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែម។
សម្ដេចគូសបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។
សម្ដេចធិបតីលើកឡើងថា កម្ពុជា នឹងខិតខំបន្ថែមដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខណ្ឌទ្វេភាគិ តំបន់ និងអន្តរជាតិដើម្បីរួមចំណែកដល់សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់យើង ៕