កម្ពុជា ប្ដេជ្ញាខ្ពស់ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាមានការប្ដេជ្ញាខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។
ថ្លែក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ដើម្បីរួមចំណែកបន្ថែម ដល់ដំណើរការនេះកម្ពុជាបានសម្រេចចិត្ត ឈរឈ្មោះជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការ កសាងសន្តិភាព(OCPBC)សម្រាប់អាណត្តិ ២០២៥-២០២៦
ហើយយើងខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រដ៏មានតម្លៃរបស់ឯកឧត្ដមលោកជំទាវ ។
សម្ដេចលើកឡើងថា ទោះបីជាយើងមានបញ្ហាប្រឈម និងអស្ថិរភាពច្រើនក៏ដោយ យើងក៏នៅតែអាចកសាងពិភពលោកឲ្យកាន់តែប្រសើរ សម្រាប់ទាំងអស់គ្នាបាន តាមរយៈការធ្វើការរួមគ្នា ឆ្ពោះទៅរកគោលដៅរួមរបស់យើង ព្រមទាំងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងសាមគ្គីភាពជាសកល ៕