រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តក្រុមហ៊ុន foodpanda ឱ្យពង្រីកការវិនិយោគ និងតំបន់សេវាកម្មនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងជំនួបសម្តែងការគួរសម នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានកោតសរសើរដល់វឌ្ឍនភាពរបស់ក្រុមហ៊ុន foodpanda និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគរបស់ខ្លួន ដើម្បីផ្តល់សេវាកម្មដល់តំបន់ផ្សេងៗទៀតក្នុងប្រទេស។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន foodpanda ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា លោក Zeya Mynn បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រីកសេវាកម្មរបស់ក្រុមហ៊ុនដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យារបស់ខ្លួន ក្នុងការផ្តល់នូវជម្រើសដឹកជញ្ជូនម្ហូបអាហារប្រកបដោយប្រសិទ្ធភាព និងគួរជាទីទុកចិត្តដល់ប្រជាជនកម្ពុជាកាន់តែច្រើន និងគាំទ្រដល់ភោជនីយដ្ឋាន និងអាជីវកម្មក្នុងស្រុក ដែលភាគច្រើនជាអ្នកប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបភាគីក្រុមហ៊ុនអំពីអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការសហការជាមួយវិស័យឯកជន ដើម្បីជំរុញបរិយាកាសដែលគាំទ្រដល់ការពង្រីកអាជីវកម្ម ដោយផ្តោតជាពិសេសលើសហគ្រាសធុនមីក្រូ តូច និងមធ្យម។
បច្ចុប្បន្ន foodpanda មានបុគ្គលិកជាអ្នកដឹកជញ្ជូនម្ហូបអារហារប្រមាណ៤ពាន់នាក់នៅក្នុងទីក្រុងធំៗ ដូចជាភ្នំពេញ តាខ្មៅ ក្រុងព្រះសីហនុ សៀមរាប បាត់ដំបង កំពង់ចាម និងកំពត ៕