នាយករដ្ឋមន្ត្រី៖ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសជោគជ័យបំផុត ក្នុងការគ្រប់គ្រងកូវីដ១៩ និងការងើបឡើងវិញក្រោយវិបត្តិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលជោគជ័យបំផុតនៅក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងការងើបឡើងវិញក្រោយវិបត្តិ។
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នាថ្ងៃទី២២ កញ្ញា សម្ដេចធិបតី ហ៊ុន មាណែត ជឿជាក់ថា ការអំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការ ឱ្យមាន «កញ្ចប់ថវិកាជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលមានទំហំ ៥០០ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០៣០ ដើម្បីវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព និងសកម្មភាពដើម្បីអាកាសធាតុ នឹងធ្វើឱ្យវឌ្ឍនភាពកន្លងមកនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រឡប់ទៅរកគន្លងដើម នៃវឌ្ឍនភាពឡើងវិញ, កិច្ចព្រមព្រៀងសាមគ្គីភាពអាកាសធាតុ នឹងនាំទៅរកការកាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលការណ៍, ការទទួលខុសត្រូវរួម ប៉ុន្ដែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន។
សម្ដេចបន្តថា ជាមួយនឹងសន្ដិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្ដរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមធ្យមប្រចាំឆ្នាំ១.៦ភាគរយ ហើយសេដ្ឋកិច្ចរបស់យើងបានកើនឡើងជាង ៧ភាគរយក្នុងមួយឆ្នាំ រហូតដល់មានការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩។ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ បានងើបឡើងវិញក្នុងអត្រា ៥.២ភាគរយ និងត្រូវព្យាករថា បន្ដកើនឡើងក្នុងរង្វង់ ៥.៦ភាគរយ នៅឆ្នាំ២០២៣នេះ។
សម្ដេចធិបតី លើកឡើងថា ដូចដែលបានគូសបញ្ជាក់ក្នុងរបាយការណ៍ត្រួតពិនិត្យជាតិស្ម័គ្រចិត្តលើកទី២ របស់កម្ពុជា (VNRs) កាលពីខែកក្កដា កន្លងទៅ, ៧២.៥ភាគរយ នៃសូចនាករ និងសូចនាកររង នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សុទ្ធតែមានវឌ្ឍនភាពល្អ។ ប្រទេសយើងកំពុងផ្លាស់ប្ដូរពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៧
សម្ដេចគូសបញ្ជាក់ថា ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលពីកំណើនប្រកបដោយសមធម៌ ក៏ដូចជាសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់ ៕