ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត សំ សិរីរតន៍
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ចកម្ម ត្រូវជាស្វាមីរបស់លោកជំទាវ អ៊ុច អមរា ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៦កេីត ខែភក្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១:៣៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានចាត់ទុកមរណភាពរបស់ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក ជីតា និងបងប្អូន ដែលជាទីគោរពស្រលាញ់ដ៏ជ្រោលជ្រៅពុំមានអ្វីមកប្រៀបផ្ទឹមបាន និងប្រកបដោយព្រហ្មវិហារធម៌ជាទីស្រលាញ់បំផុតរបស់កូនៗ ក្មួយៗ ចៅៗ និងញាតិមិត្តទាំងអស់។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តម ជា សុមេធី និងលោកជំទាវ បានឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕