កម្ពុជា គាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព
ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ
ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ទី២២ កញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព ។
សម្ដេចធិបតី មានប្រសាសន៍ថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្ដិភាពដើម្បីរួមចំណែកដល់ សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
សម្ដេចលើកឡើងថា ដើម្បីរួមចំណែកបន្ថែមទៀត ដល់ដំណើរការនេះ កម្ពុជាបានសម្រេចចិត្តឈរឈ្មោះជាសមាជិក នៃគណៈកម្មាធិការរៀបចំ នៃគណៈកម្មការកសាងសន្ដិភាព (OCPBC) សម្រាប់អាណត្តិ២០២៥-២០២៦ ហើយយើងខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រដ៏មានតម្លៃរបស់ ឯកឧត្តម លោកជំទាវ សម្រាប់បេក្ខភាពរបស់យើងខ្ញុំ នៅក្នុងស្ថាប័ននេះ ៕