សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា វិនិយោគិនអាមេរិកនឹងឃើញពី សក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វិនិយោគិនសហរដ្ឋអាមេរិកនឹងឃើញពីកាលានុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពី សក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ ដូចមានពាក្យស្លោក «បានឃើញម្ដង ប្រសើរជាងបាន ឮមួយពាន់ដង» ដូច្នេះសូមវិនិយោគិនមកស្វែងយល់អំពីកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលជាការរៀបចំឡើងរវាងសភាពាណិជ្ជកម្មអាមេរិក និងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ហើយនៅដើមឆ្នាំនេះ សម្តេចមានឱកាសបានជួបប្រតិភូសហរដ្ឋអាមេរិក ដែលរៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មអាស៊ាន ហើយសម្តេចសង្ឃឹមថានឹងមានឡើងជាប្រចាំ ហើយកម្ពុជារីករាយក្នុងការស្វាគមន៍ និងជួបពិភាក្សាការងារជាមួយសមាជិករដ្ឋាភិបាលថ្មីរបស់សម្តេច។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់កាលានុវត្តនភាពសម្រាប់បង្កើត ប្រតិបត្តិការ និងការពង្រីកធុរកិច្ច ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈម ទាំងបញ្ហាចាស់ និងថ្មី ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យឯកជនឱ្យបានពេញលេញ និងក្លាយជាដៃគូគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ទៅវិញទៅមក និងវិបុលភាពរួមប្រកបដោយ បរិយាបន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា នៅតែបន្ដពង្រីកទំហំទីផ្សារខ្លួន តាមរយៈការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី។ យន្ដការទ្វេភាគីដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RECP)។
សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦,២៧២លានដុល្លារ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦,៦៤៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបានបញ្ជាក់ទៀតថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៦,១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ១៦០លានដុល្លារ។ ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិកនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សហរដ្ឋអាមេរិក និងកម្ពុជា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរណាស់មកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៥០ ដែលទំនាក់ទំនងការទូតប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងជាលើកដំបូង ដោយមានការធ្វើឱ្យប្រសើរឡើងជាលំដាប់នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងសេដ្ឋកិច្ច ក៏បានរីកលូតលាស់យ៉ាងឆាប់រហ័ស លំហូរពាណិជ្ជកម្មទ្វេភាគី បានឈានដល់ទំហំ ១៣.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយសហរដ្ឋអាមេរិក នៅបន្តជាទីផ្សារនាំចេញធំបំផុតសម្រាប់កម្ពុជា។ ជាពិសេសសម្រាប់ទីផ្សារសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ។
ប៉ុន្តែការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាមេរិកនៅកម្ពុជា មានកម្រិតទាបនៅឡើយ បើទោះបីជាសហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅក្នុងសកលលោក។ នៅកម្ពុជា ទំហំវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិក បានបន្តកើនឡើងពី ២២៥លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១០ បានកើនឡើងដល់ ៨៩៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។
បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សាជីវកម្មពហុជាតិអាមេរិក ដែលវិនិយោគនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Ford កូកា-កូឡា Tiffany និងក្រុមហ៊ុន General Electric ដែលបានឆ្លុះបញ្ចាំងនៃកំណើនទំហំទីផ្សារកម្ពុជា និងប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា ៕