ព្រះមហាក្សត្រកម្ពុជា ស្តេចយាងចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុងហាងចូវ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ ក្នុងនាមជាភ្ញៀវកិត្តិយសពិសេសរបស់ម្ចាស់ផ្ទះ ដែលពិធីប្រព្រឹត្តនៅទីក្រុងហាងចូវ (Hangzhou) ប្រទេសចិន នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានោះ គេឃើញមានវត្តមានប្រតិភូ និងអត្តពលិកកម្ពុជា ក្នុងការដង្ហែក្បួន ដើម្បីអបអរសាទរពិធីបើកផ្លូវការ នៃព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីនេះដែរ រួមមាននាយបេសកកម្ម ១រូប ដឹកនាំដោយលោក ញាណ សុខវិសាល នាយបេសកកម្មរង ១រូប មន្ដ្រីរដ្ឋបាល មន្ដ្រីព័ត៌មាន និងមន្ដ្រីពេទ្យ ២០នាក់ កីឡាករបាល់បោះ ៦នាក់ កីឡាបាល់ទះ ១៥នាក់ កីឡាគុនដាវ ៣នាក់ និងកីឡាយូដូម្នាក់ សរុបទាំងអស់ចំនួន ៤៧នាក់ ៕