កម្ពុជា-លិចតិនស្តាញ ឯកភាពជំរុញចុះហត្ថលេខាកិច្ចព្រមព្រៀងក្របខណ្ឌក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានឆាប់ ដើម្បីភាគី លិចតិនស្តាញ អាចចាប់ផ្តើមផ្តល់ជំនួយក្នុងវិស័យនេះដល់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកជំទាវ Dominique Hasler រដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡា នៃប្រទេសលិចតិនស្តាញ បានឯកភាពជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានឆាប់ ដើម្បីភាគី លិចតិនស្តាញ អាចចាប់ផ្តើមផ្តល់ជំនួយក្នុងវិស័យនេះដល់កម្ពុជា។
ការឯកភាពគ្នាជំរុញបែបនេះក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡា នៃប្រទេសលិចតិនស្តាញ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសហរដ្ឋអាមេរិក។
លោកជំទាវ Dominique Hasler បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា កម្ពុជាជាប្រទេសអាទិភាពនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ លិចតិនស្តាញ។
លោកជំទាវបានលើកឡើងថា ភ្នាក់ងារអភិវឌ្ឍ លិចតិនស្តាញ មានជំនាញលើផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានបំណងគាំទ្រកម្ពុជាលើវិស័យនេះ ៕