សប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ ត្រូវបានរៀបចំ នៅទីក្រុងហ្វូចូវ ដើម្បីរួមចំណែក លើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន
ភ្នំពេញ៖ សប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ រៀបចំធ្វើឡើងនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្ដម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង ហ្វូចូវ នារសៀលទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
ចូលរួមក្នុងឱកាសនេះ មានវត្តមាន ផលិតករភាពយន្ត កម្ពុជា ចិន ព្រមទាំងសិល្បករសិល្បការិនី ភ្ញៀវកិត្តយសជាតិ អន្តរជាតិជាច្រើនរូប។
ការរៀបចំព្រឹត្តិការណ៍សប្តាហ៍ភាពយន្ត និងវប្បធម៌កម្ពុជា-ចិននាពេលនេះ ក្រោយពីការរៀបចំសប្ដាហ៍ភាពយន្តចិននៅកម្ពុជា កាលពីខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។ ការរៀបចំនេះ គឺជាការរួមចំណែក ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៅ ស្របពេលដែលប្រទេសយើងទាំងពីរប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតនាឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ ក៏មានការចាក់បញ្ចាំងភាពយន្តរឿង ដើម្បីកូន និពន្ធ និងដឹកនាំរឿងដោយ លោក ហ៊ុយ យ៉ាឡេង ផងដែរ។