អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការនៃនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមចំណុះនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ក្រោមអធិបតីភាពឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកស្រីប្រធាននាយកដ្ឋានស្តីទី អនុប្រធាននាយកដ្ឋាន និងមន្រ្តីក្រោមឱវាទជាច្រើនរូបផងដែរ។
ឯកឧត្តម សួស ប្រាថ្នា បានមានប្រសាសន៍ថា កន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានរដ្ឋបាល ដែលបានខិតខំ ពុះពារ អនុវត្តការងារសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់ជាពិសេសការអនុវត្តនូវកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល សំដៅកសាងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យក្លាយជាស្ថាប័នមួយរឹងមាំប្រកបដោយសក្តានុពល មានអភិបាលកិច្ចល្អ ទាំងនៅក្នុងវិស័យកិច្ចសហប្រតិបត្តិការរួមជាមួយបណ្ដាប្រទេសជាមិត្ត និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ លោកស្រី ហេង ពៅធីតា ប្រធាននាយកដ្ឋានស្ដីទី នៃនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត បានធ្វើសេចក្ដីរាយការណ៍សង្ខេប ដោយបានលើកឡើងនូវរចនាសម្ព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋាន សមិទ្ធផលការងារដែលសម្រេចបានស្របតាមតួនាទីភារកិច្ចរបស់ខ្លួន និងទិសដៅអនុវត្តការងារបន្ត ដើម្បីចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបន្តការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជមរុញការអភិវឌ្ឍនៅមូលដ្ឋានឲ្យមានការរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានកោតសរសើរចំពោះលទ្ធផលការងារដែលសម្រេចបាន និងណែនាំឲ្យមន្ត្រីមានការយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តការងារប្រចាំថ្ងៃ រួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា និងចូលរួមកែលម្អចំណុចខ្វះខាតផ្សេងៗ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំងឡាយ ក៏ដូចជាបន្តអនុវត្តតួនាទីភារកិច្ចបានកាន់តែល្អប្រសើរ៕