រដ្ឋមន្ត្រីក្រសួងធម្មការ ណែនាំឱ្យបញ្ឈប់រាល់សកម្មភាពយកព្រះពុទ្ធសាសនាធ្វើអាជីវកម្ម
ភ្នំពេញ៖ ឯកឧត្ដម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានណែនាំឱ្យបញ្ឈប់រាល់សកម្មភាពយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មទាំងអស់រួមទាំងការទេសនា បង្រៀនធម៌ ផ្សព្វផ្សាយចាកធម៌វិន័យ សេចក្ដីពិតនៃធម៌ ដែលជាសកម្មភាព (បោកប្រាស់)។
យោងតាមសារាចរណែនាំចុះថ្ងៃទី២៥ ខែកញ្ញាក្នុងសារាចរនោះ ឯកឧត្ដម ចាយ បូរិន បានលើកឡើងថា ការធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្ដិសុខសណ្ដាប់ ធ្នាប់ សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា។
ក្រៅពីនេះក្រសួងក៏បានហាមមិនឱ្យមានការយកត្រៃយ៍ចីវរស្លៀកតាមទំនើងចិត្ត ការយកទង់ ឬពុទ្ធបដិមាទៅទាក់ទាញបោកប្រាស់មហាជន ឬការក្លែងពុទ្ធដី និងយកទៅធ្វើជាបែបកំប្លុកកំប្លែងជាដើម។
ឯកឧត្ដមបានបន្ថែមថា សកម្មភាពទាំងនេះបានធ្វើឱ្យមានហិង្សា អាកប្បកិរិយាមិនសមរម្យ ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ កើតឡើង។ ចាប់ពីថ្ងៃនេះដើម្បីបណ្ដុះនូវស្មារតីសីលធម៌ គុណធម៌ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាឡើងវិញ ត្រូវហាមដាច់ខាតការយកត្រៃយ៍ចីវរទៅស្លៀកតាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានរបស់សាសនា។
ជាមួយគ្នានេះដែរឯកឧត្ដមបាន ហាមយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មដែលសកម្មភាពមានលក្ខណៈបោកប្រាស់ ហាមយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាឬវត្ថុសក្ការៈនៃសាសនាទៅធ្វើការទាក់ទាញបំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសណ្ឋាប់ធ្នាប់សាធារណៈសង្គម។ ហាមយកពុទ្ធដីការទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉េប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ និងហាមយកព្រះពុទ្ធ ឬរូបសញ្ញាសម្គាល់ព្រះពុទ្ធសាសនាទៅដាក់ ឬតម្កល់នៅកន្លែងមិនគប្បីដើម្បីស្វែងរកជាប្រយោជន៍ ឬទាក់ទាញ ដូចជាហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម៕