មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ បើកសិក្ខាសាលាពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ ស្តីពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយមានការចូលរួមផ្ទាល់ពីសំណាក់មន្រ្តីជាន់ខ្ពស់ក្រសួង មន្រ្តីជំនាញពីភាគីពាក់ព័ន្ធដូចជាកំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។
សិក្ខាសាលានេះសហការរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន YCH និងក្រុមហ៊ុនWorldBridge
ក្នុងគោលបំណងដើម្បី៖ (១) ពន្យល់បង្ហាញអំពីទិដ្ឋភាពទូទៅ និងផែនការរយៈពេលវែងនៃគម្រោងPP-LC ដែលធ្វើឡើងដោយក្រុមហ៊ុន PricewaterhouseCoopers (PwC) (២) ចែករំលែក និងពិភាក្សាអំពីសេវាកម្មពាក់ព័ន្ធដែលត្រូវផ្តល់ជូនក្នុងគម្រោងPP-LC ដែលបានស្នើឡើង រួមទាំងសេវាកម្មតម្លៃបន្ថែម (Value added) ដែលមានសក្តានុពល និងគំនិតផ្តួចផ្តើមថ្មីផ្សេងទៀត និង (៣) ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ និងស្វែងរកកិច្ចសហការ និងការគាំទ្រសម្រាប់គម្រោង PP-LCផងដែរ។
ថ្លែងនៅក្នុងកម្មវិធីបើកនាឱកាសនោះ ឯកឧត្តមអគ្គនាយក បានសម្តែងអំណរគុណដល់ក្រុមការងារសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលបានសហការក្នុងការរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង និងសិក្ខាកាមជាតំណាងក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានចូលសិក្ខាសាលាពិភាក្សានេះផងដែរ។
អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុសអំពីចំណុចសំខាន់ៗដែលពាក់ព័ន្ធនឹង គ្រឿងបរិក្ខារ និងសេវាកម្មនៅក្នុង PP-LC គុណតម្លៃសេវាបន្ថែម (Value added services) ដូចជាការច្រកប៉ាឡែត ការបិទស្លាកសញ្ញា ការដឹកជញ្ជូនឆ្លងកាត់ ការរត់ការឯកសារ ការលើកដាក់ទំនិញ (cross-docking) ការវេចខ្ចប់ និងការវេចខ្ចប់ឡើងវិញ សេវាកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការត្រួតពិនិត្យដោយគយ ការទូទាត់កម្រៃជើងសារគយ ជាដើម។
សិក្ខាកាមមកពីតំណាងក្រសួង មន្ទីរពាក់ព័ន្ធមានចំណាប់អារម្មណ៍ចំពោះវឌ្ឍនភាពនៃការសិក្សាគម្រោងPP-LC នេះ ព្រមទាំងបានចោទជាសំណួរ និងផ្តល់ធាតុចូលសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍគម្រោងនេះ។
សូមជម្រាបជូនថា គម្រោងPP-LC គឺជាគម្រោងដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានកំណត់ជាក់លាក់ នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោយបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ CITLS (Comprehensive Master Plan on Cambodia Intermodal Transport and Logistics System 2023-2033) ដើម្បីបង្កើនប្រសិទ្ធភាពវិស័យភស្តុភារកម្មនៅក្នុងប្រទេស និងបំពេញចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងមហាអនុតំបន់មេគង្គ(GMS)។
ជាលទ្ធផល សិក្ខាសាលាបានដំណើរការដោយជោគជ័យ និងទទួលបានការគាំទ្រជាវិជ្ជមាន និងទទួលបានធាតុចូលជាផ្លែផ្កាពីសំណាក់សិក្ខាកាមតំណាងភាគីពាក់ព័ន្ធទាំងអស់៕