ឯកឧត្តម ជាម យៀប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីការបង្កើតគណៈកម្មការពិសេសចំពោះកិច្ច ក្នុងការរៀបចំធ្វើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការពិសេសចំពោះកិច្ច នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការពិសេសចំពោះកិច្ច ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និងជំនួយការគណៈកម្មការពិសេសចំពោះកិច្ច។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ ជម្រាបជូនអង្គប្រជុំអំពីសេចក្ដីសម្រេចស្ដីពីការបង្កើត គណៈកម្មការពិសេសចំពោះកិច្ច ក្នុងការរៀបចំធ្វើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែល សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាសម្រេចបង្កើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងមក។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការពិសេសចំពោះកិច្ច ក៏បានស្នើសុំឱ្យ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិក សមាជិកា ព្រមទាំងជំនួយការទាំងអស់ក្នុងគណៈកម្មការពិសេសចំពោះកិច្ច សូមធ្វើការសិក្សាស្រាវជ្រាវអោយអស់ពីសមត្ថភាព ដើម្បីធ្វើអោយខ្លឹមសារ នៃការរៀបចំធ្វើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវស្នើឡើងនៅពេលខាងមុខ មានអត្ថន័យខ្លឹមសារល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ សមស្របតាមបរិបទជាក់ស្ដែងនៃសង្គមជាតិ ៕