ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូត នៃស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ស្វាគមន៍ចំពោះគណៈប្រតិភូ នៃស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការណ៍សម្របសម្រួលការងារ ស្របតាមការស្នើសុំនានា របស់ស្ថានទូតថៃ។
ឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានផ្តោតសំខាន់ទៅលើទំនាក់ទងកិច្ចសហប្រតិបត្តិការ ការជួយគាំទ្រគ្នាទៅវិញទៅមកលើការអនុវត្តច្បាប់។ បន្ទាប់មក ឯកឧត្តម ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលយកចិត្តទុកដាក់ខ្ពស់ ជួយសង្រ្គោះដល់ប្រជាពលរដ្ឋថៃ និងសម្របសម្រួលបែបបទនីតិវិធីជូនប្រជាលរដ្ឋថៃ រាល់បញ្ហា និងកិច្ចប្រតិបត្តិការផ្សេងៗ ជួយដល់ពលរដ្ឋថៃដែលវិលត្រលប់ទៅប្រទេសវិញ។ បន្ថែមពីនេះ ឯកឧត្តម ឯកអគ្គរាជទូត រីករាយចូលរួមសហការណ៍ជានិច្ចជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាបន្តន្ថែមទៀត ដើម្បីរួមគ្នាឈានទៅប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានធ្វើការថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងសង្ឃឹមថាអង្គភាពទាំងពីរបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ៕