អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទកិច្ចសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តតាកែវ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទកិច្ចសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តតាកែវ សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានគណៈប្រតិភូ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី គណៈប្រតិភូ និងលោក លោកស្រី នាយកទីចាត់ការ និងប្រធានអង្គភាពក្រោមចំណុះរដ្ឋបាលខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងលោក លោកស្រី មេឃុំ ចៅសង្កាត់ទូទាំងខេត្តតាកែវ។
ជាកិច្ចបន្ទាប់ ឯកឧត្តម អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលចុះមកធ្វើសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ក្រោមចំណុះ ដើម្បីតម្រង់ទិស និងណែនាំអំពីនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដូចនេះ រដ្ឋបាលខេត្ត ទីចាត់ការ និងអង្គភាពក្រោមចំណុះខេត្ត សូមឯកភាពរាល់អនុសាសន៍ដែលគណៈប្រតិភូរកឃើញ និងខិតខំអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយនាការិយបរិច្ឆេទលើកក្រោយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៅតាមបណ្តាទីចាត់ការ និងអង្គភាពក្រោមចំណុះ ដែលបានខិតខំអនុវត្តនាពេលកន្លងមក។
ឯកឧត្តម បានលើកឡើងថា បច្ចុប្បន្នក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើការកំណែទម្រង់លើការងារគ្រប់វិស័យ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដោយផ្តោតសំខាន់លើការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដូចនេះរដ្ឋបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងមន្រ្តីរាជការ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្រោមចំណុះ ឲ្យខិតខំអនុវត្តតាមតួនាទី និងភារកិច្ចឲ្យបានត្រឹមត្រូវ និងត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម បានបន្ថែមទៀតថា ចំពោះអនុសាសន៍ដែលគណៈប្រតិភូរកឃើញ គឺអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នឹងរៀបចំរបាយការណ៍ស្តីពីការចុះធ្វើសវនកម្មនៅរដ្ឋបាលខេត្តតាកែវ សម្រាប់ការិយបរិច្ឆេទ២០២២ ដើម្បីគោរពរាយការណ៍ជូន និងគោរពស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕