រាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានចំនួន ៤៣លានដុល្លារ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រោមការចាត់តាំងរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារ AIIB ឆ្នាំ២០២៣ (8th Annual Meeting of the Board of Governors) កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Sharm el-Sheikh នៃប្រទេសអេហ្ស៊ីប ក្រោមប្រធានបទ «កំណើនប្រកបដោយចីរភាពនៅក្នុង បរិការណ៍សេដ្ឋកិច្ចសាកលដ៏លំបាកមួយ (Sustainable Growth in a Challenging World)»។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នេះផងដែរ, នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ែន ធីរុង្គ និងតំណាងធនាគារ AIIB ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ (Cross-border Livestock Health and Value Chain Infrastructure Improvement Project) ដែលមានទឹកប្រាក់សរុបចំនួន ៤៣លានដុល្លារអាម៉េរិក ដែលក្នុងនោះហិរញ្ញប្បទានសម្បទានពី AIIB ចំនួន ៣៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីមូលនិធិបង្ការ, ការត្រៀមខ្លួន និងការឆ្លើយតបជំងឺរាតត្បាត (Pandemic Prevention, Preparedness and Response Facility Trust Fund) ចំនួន ១០ លានដុល្លារអាម៉េរិក។
គម្រោងនេះ ជាគម្រោងសហហិរញ្ញប្បទាន រវាងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB) និង AIIB ដែលមានទឹកប្រាក់សរុប ១២៨.៧៨ លានដុល្លារអាម៉េរិក ក្នុងនោះហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB ចំនួន ៦២.៩ លានដុល្លារអាម៉េរិក និងថវិកា បដិភាគរាជរដ្ឋាភិបាលចំនួន ២២.៨៨ លានដុល្លារអាមេរិក។
គម្រោងមានគោលបំណង៖ ១. លើកកម្ពស់ផលិតកម្ម និងការចិញ្ចឹមសត្វប្រកបដោយគុណភាព និងអនាម័យ, ២. ពង្រឹងសុវត្ថិភាពសុខភាពសត្វ និងមនុស្ស, បង្ការ និងទប់ស្កាត់ជំងឺឆ្លង និង៣. លើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ ព្រំដែន ក្នុងចំណោមប្រទេសនានានៃមហាអនុតំបន់ទន្លេមេគង្គ រួមមានកម្ពុជា, ឡាវ, វៀតណាម, ថៃ និងចិន។ គម្រោងនេះ នឹងអនុវត្តនៅក្នុងរាជធានី-ខេត្តគោលដៅ ចំនួន ០៦ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកំពង់ចាម, ខេត្តឧត្តរមានជ័យ, ខេត្តព្រៃវែង, ខេត្តសៀមរាប និងខេត្តតាកែវ។
ឯកឧត្តម ប៉ែន ធីរុង្គ បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការរបស់ AIIB ដែលជាដៃគូអភិវឌ្ឍន៍ថ្មីមួយ របស់កម្ពុជា ហើយបានផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងដំបូងបំផុតនៅកម្ពុជា កាលពីឆ្នាំ២០២០ ក្រោម ក្របខណ្ឌមូលនិធិស្តារវិបត្តិនៃជំងឺកូវីដ-១៩ (COVID-19 Crisis Recovery Facility)។
គម្រោងសុខភាពសត្វឆ្លង កាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ ជាគម្រោងហិរញ្ញប្បទានសម្បទានទី៣ របស់ AIIB ដែលនេះបានឆ្លុះបញ្ជាំងឱ្យឃើញអំពីការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែធំ និងរឹងមាំរវាងកម្ពុជា និង AIIB។
ឯកឧត្ដម ប៉ែន ធីរុង្គ បានថ្លែងអំណរគុណចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ AIIB ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងស្តារសេដ្ឋកិច្ចកម្ពុជាពីផលប៉ះពាល់នៃការ រាតត្បាតជំងឺកូវីដ-១៩ ហើយ AIIB នឹងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍កាន់តែសំខាន់ក្នុងការ អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត ៕