ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសឹង្ហបុរី ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសឹង្ហបុរី ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសឹង្ហបុរី ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងដើម្បីពិនិត្យមើលលើកិច្ចការងារពាក់ព័ន្ធនានាសម្រាប់ប្រមូលធាតុចូលបន្ថែម ដើម្បីកែសម្រួលលើសេចក្តីព្រាងអនុស្សារណៈនេះឱ្យមានភាពគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់ភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំ ឱ្យជួយពិនិត្យផ្ទៀងផ្ទាត់ចំណុចសំខាន់ៗបន្ថែមទៀត ទាំងខ្លឹមសារ ទាំងភាសាជាតិ និងភាសាបរទេស ឱ្យបានហ្មត់ចត់ និងបន្តពិនិត្យប្រមូលធាតុចូលបន្ថែមទៀត សម្រាប់កិច្ចប្រជុំពិនិត្យពិភាក្សាជាបន្តបន្ទាប់ទៀត ៕