ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យអ្នកតំណាងប្រចាំកម្ពុជា របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងប្រចាំ ប្រទេសកម្ពុជា របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme-UNDP) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសនេះ លោកស្រី Alissar Chaker បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេសកម្ពុជាសម្រេចបានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ក្នុងអត្រាជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈ ពេលជាង ២ទសវត្សកន្លងមក មុនវិបត្តិកូវីដ-១៩ និងជាពិសេសក្លាយជា ប្រទេសមួយក្នុងចំណោមប្រទេសនានា ដែលកាត់បន្ថយភាពក្រីក្រពហុវិមាត្រ (Multidimensional Poverty) បានលឿនជាងគេ។ ជាមួយគ្នានេះ លោកស្រីក៏បានសម្តែងនូវការប្តេជ្ញាចិត្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងអន្តរកាល ដែលកម្ពុជានឹងចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្នុងឆ្នាំ២០២៧ ខាងមុខនេះ, គាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) និងជាពិសេសគាំទ្រដល់ការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរ គុណចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលតែងតែផ្តល់ជំនួយក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ ដោយឡែកដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានដឹកនាំការរៀបចំ និងដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស, ការបង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈឱ្យកាន់តែប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច និងស្ថានភាពភូមិសាស្ត្រនយោបាយសកល។
ពាក់ព័ន្ធនឹងចំណុចនេះ លោកស្រី Alissar Chaker បានសម្តែងនូវស្មារតីសុទិដ្ឋិនិយមសម្រាប់អនាគតនៃប្រទេសកម្ពុជា និងបានបញ្ជាក់ថាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កំពុងបញ្ចប់ការរៀបចំ «ឯកសារកម្មវិធីប្រចាំប្រទេសកម្ពុជា ២០២៤-២០២៨» (Cambodia Country Programme Document 2024-2028) ដែលត្រូវបានរៀបចំឡើងឱ្យមាន សង្គតិភាពជាមួយនឹងអាទិភាពនានានៅក្នុង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីបន្តរួមចំណែកសម្រេច ឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ ដែលបានដាក់ចេញក្នុង «យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១»។ ជាមួយគ្នានេះ UNDP ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រ ការសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព តាមរយៈការសហការអនុវត្តកម្មវិធី មួយចំនួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជា៖ (១).ការរៀបចំក្របខណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិ (Integrated National Financing Framework – INFF) ដែលជាកម្មវិធីជួយរៀបចំផែនទីបង្ហាញផ្លូវសម្រាប់កៀរគរប្រភពធនធានហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអាទិភាព និងការសម្រេចបាននូវគោលដៅប្រកបដោយចីរភាព, (២).កម្មវិធី SDG Budget Tagging ដែលជាកម្មវិធីសម្រាប់សិក្សាអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានហិរញ្ញវត្ថុ, និង (៣).ការប៉ាន់ស្មានសន្ទស្សន៍ភាពងាយរងគ្រោះពហុវិមាត្រ (Multidimensional Vulnerability Index) ដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកក្នុងការកំណត់អាទិភាពចំពោះមុខ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានជម្រាបជូនលោកស្រីតំណាង UNDP ប្រចាំការកម្ពុជាជ្រាបផងដែរ អំពីអាទិភាពការងារសំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្រ្តី។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកស្រី Alissar Chaker បានឯកភាពគ្នានឹងពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្នុងការសិក្សាស្រាវជ្រាវលើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា និងការបន្តពង្រឹងសមត្ថភាពគ្រប់អង្គភាពក្រោមឱវាទ និងការពង្រឹងសម្ថតភាពមន្ត្រីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះ លោកស្រី Alissar Chaker ចំពោះឆន្ទៈរបស់លោកស្រីក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបានជូនពរឱ្យលោកស្រីទទួលបានជោគជ័យបន្ថែមទៀតក្នុងកិច្ចការដ៏សំខាន់នេះ ៕