អភិបាលខេត្តកណ្ដាល៖ កីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលសម្ដែងការគួរសម និងជម្រាបលា ជាមួយប្រតិភូគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ កីឡាការ៉ាតេ នៅសាលប្រជុំសាលាខេត្តកណ្តាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកឡើងថា «កីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេស ការបង្កើតនូវស្មារតីនៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រដ៏សកម្មបំផុតក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ៗរូប»។
ជាងនេះទៅទៀត អ្វីដែលរឹតតែពិសេសសម្រាប់កម្ពុជា និងជាមោទនកភាពជាតិនោះគឺភាពរួសរាយរាក់ទាក់ និងអំពើល្អរបស់កម្ពុជា ក្រុមកីឡាករ និងកីឡាការិនី អ្នកគាំទ្រ និងប្រជាជនកម្ពុជា ចំពោះគ្រប់គណៈប្រតិភូកីឡាបរទេសទាំងអស់ បានបង្កើតឱ្យមានការចងចាំដ៏ល្អអំពីកម្ពុជា ៕