ឯកឧត្តម សុខ លូ ចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងក្រុងបាត់ដំបង ដែលកំពុងជន់ឡើងនៅក្នុងដងស្ទឹងសង្កែ
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងក្រុងបាត់ដំបង ដែលកំពុងជន់ឡើងនៅក្នុងដងស្ទឹងសង្កែ និងបានលិចតំបន់ទំនាបមួយចំនួននៅក្នុងក្រុងបាត់ដំបង ដោយសារជំនន់ទឹកភ្លៀងផ្នែកខាងលើមួយរយៈចុងក្រោយនេះ។
ឯកឧត្តម សុខ លូ អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ ក្នុងអំឡុងពេលដែលទឹកកំពុងឡើងនាពេលនេះ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ប្រសិនបើមិនមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើទេនោះ ទឹងអាចនឹងស្រកទៅវិញនាពេលល្ងាចនេះ ឬស្អែកព្រឹកតែម្ដង។
បើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង នៅម៉ោងប្រមាណ ១០ នេះ ស្ថានភាពទឹកជំនន់ នៅតំបន់ប៉ែកខាងលើនៃស្រុកសំឡូត គឺពុំមានភ្លៀងធ្លាក់បន្តទៀតទេ ដែលនេះជាមូលហេតុមិនបង្កឲ្យទឹកស្ទឹងជន់ឡើយ រីឯនៅទំនប់ស្ទាក់ទឹកពហុបំណងសេកសកក៏ត្រូវបានទំលាក់ទ្វារបិទបណ្ដើរៗហើយដែរ ៕