រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន China Railway 16th Bureau Group Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន China Railway 16th Bureau Group Co., Ltd. ដឹកនាំដោយលោក Huang Ye នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។
ជំនួបពិភាក្សានេះ ធ្វើនៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដោយជជែកសំខាន់ទៅលើការស្តារ និងអភិវឌ្ឍផ្លូវដែក ដែលមានស្រាប់ តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែកជាមួយប្រទេសជិតខាង ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្លូវដែកក្នុងក្រុង និងការពង្រឹងបច្ចេកទេសត្រួតពិនិត្យការសាងសង់ ដើម្បីទទួលបានហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបទៅនឹងតម្រូវការ និងស្របតាម យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
សូមជម្រាបថា ក្រុមហ៊ុន China Railway 16th Bureau Group Co., Ltd. គឺជាក្រុមហ៊ុនសាជីវកម្មសំណង់ខ្នាតធំ របស់ចិន ដែលរួមបញ្ចូលការធ្វើផែនការ ការរចនា ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាសំណង់វិស្វកម្ម ការដឹកជញ្ជូនផ្លូវដែក ការអភិវឌ្ឍ អចលនទ្រព្យ និងការធ្វើប្រតិបត្តិការផ្លូវដែក ៕