ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតជូនឯកឧត្តម Dominic Williams ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម។
ក្នុងជំនួបនេះ មានការពិភាក្សាមួយចំនួនពាក់ព័ន្ធនឹងវិស័យអប់រំនៅកម្ពុជា ជាពិសេសការសិក្សានៅកម្រិតឧត្តមសិក្សា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា កំពុងខិតខំប្រឹងប្រែងក្នុងការកំណែទម្រង់វិស័យអប់រំលើគ្រប់កម្រិតសិក្សា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ និងដើម្បីការសម្របខ្លួនឱ្យទាន់យុគសម័យថ្មី។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ចក្រភពអង់គ្លេស ដែលបានចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដូចជាការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យសិក្សារៀនសូត្រនៅចក្រភពអង់គ្លេស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាដើម។ ក្រសួងអប់រំ នឹងបន្ដគាំទ្ររាល់គម្រោង និងសកម្មភាពរបស់ចក្រភពអង់គ្លេសទាក់ទងទៅនឹងវិស័យអប់រំ ៕