ឯកឧត្តម ទុយ រី និងមន្រ្តីនៃស្ថានទូត អញ្ចើញកាន់បិណ្ឌវេនទី១ នៅវត្តបារមីគិរីខេមរាភ្នំបីតាធំ នៅខេត្ត Kanagawa ប្រទេសជប៉ុន
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុប្រចាំប្រទេសជប៉ុន និងមន្រ្តីនៃស្ថានទូត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបារមីគិរីខេមរាភ្នំបីតាធំ ស្ថិតនៅតំបន់ Ishehara ខេត្ត Kanagawa ប្រទេសជប៉ុន។
ពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក ហើយជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យសន្សំកុសល ដោយសទ្ធាជ្រះថ្លា និងជួបជុំសាច់ញាត្តិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ២០២៣។
ស្ថានឯកអគ្គរាជទូតកម្ពុជា សូមជូនបុណ្យកុសលដល់ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមអនុមោទនាទទួលយក តាមសេចក្តីបំណងប្រាថ្នារៀងៗខ្លួន៕