ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូអន្តរក្រសួងនិងក្រុមបេសកកម្មធនាគារ ADB ចុះពិនិត្យវឌ្ឍនភាពគម្រោងក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ (MEF) បានដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមបេសកកម្មត្រួតពិនិត្យពាក់កណ្តាលអាណត្តិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យជាក់ស្តែងលើសមិទ្ធផលគម្រោងដែលទទួលហិរញ្ញប្បទានពី ADB, GCF និងពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យធនធានទឹក វិស័យកសិកម្ម និងវិស័យអភិវឌ្ឍន៍ជនបទ។
ក្រុមការងារបានចុះពិនិត្យការងារក្នុងភូមិសាស្ត្រស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ និងស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញសាលាខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សហគមន៍កសិករប្រើប្រាស់ទឹក(សកបទ) លោក លោកស្រីអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកពាក់ព័ន្ធទាំងអស់ចំណុះខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម មេឃុំគ្រប់ឃុំ និងគ្រប់មេភូមិពាក់ព័ន្ធ៕