សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឥឡូវឲ្យប្រើវប្បធម៌សន្ទនាយ៉ាងម៉េច បើជេរដាក់បណ្តាសារខ្ញុំរហូត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទសួរទៅក្រុមប្រឆាំងថា តើឱ្យប្រើវប្បធម៌សន្ទនាយ៉ាងម៉េច បើជេរ និងដាក់បណ្តាសារសម្ដេចរហូតបែបនេះ ។
ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ឥឡូវសន្ទនាយ៉ាងម៉េច បើជេររហូត ដាក់បណ្តាសារខ្ញុំរហូត “ហ៊ុន ម៉ាណែត មិនព្រមសន្ទនាយ៉ាងខ្មែរដូចគ្នា” ប៉ុន្តែនិយាយបានតែប៉ុន្មានម៉ាត់ មិនបានមួយនាទីផង ក៏ជេរខ្ញុំរាប់ម៉ោង»។
សម្តេចធិបតី បានលើកឡើងទៀតថា រឿងវប្បធម៌សន្ទនាអាចធ្វើទៅបាន លុះត្រាតែភាគីទាំងអស់ឯកភាពគ្នា ហើយយល់គ្នា។ សម្តេចថា កុំជេរគ្នាហើយមកបបួលត្រូវគ្នា មិនត្រូវជាមួយទេ ជេរឯងកប់ៗមាត់ ហើយមកបបួលត្រូវគ្នា អត់ត្រូវទេ ។
សម្តេចរំលឹកថា វប្បធម៌សន្ទនានេះ សម្តេចតេជោ ធ្លាប់បានរៀបចំម្តងហើយ ជាមួយអតីតគណបក្សសង្រ្គោះជាតិ កាលពីអាណត្តិទី៥ ពេលនោះ បន្ទាប់ពីល្អជាមួយគ្នាបានមួយរយៈ សម រង្ស៉ី ចេញទៅប្រទេសបារាំង ក៏បានជេរសម្តេចកប់ៗមាត់តែម្តង ។
សម្តេចថា «ឥឡូវកូនចៅគាត់ដូចគ្នា ថាកាលមុនចុះគាត់ឈ្លោះជាមួយឪពុកខ្ញុំ ឥឡូវមកដល់ជំនាន់កូនហើយ នៅប្រើវប្បធម៌ហ្នឹងទៀត ដៃម្ខាងស្រែកថាចង់សន្ទនា តែពេលជាមួយគ្នាហ្នឹង ជេរខ្ញុំកប់មាត់រាល់ពេល តើសន្ទនាធ្វើស្អីឥឡូវ តើសុឆន្ទៈ និងភាពស្មោះត្រង់នៅកន្លែងណា មេគាត់ចាស់សន្ទនាហើយបានជេរ តែគាត់ក្រោយនេះជេរហើយបានបបួលសន្ទនា» ៕