ប្រមុខរាជរដ្ឋាភិបាល សម្ដែងការហួសចិត្ត ចំពោះក្រុមប្រឆាំងដែលចោទ កញ្ញាកន្និដ្ឋានៅអាមេរិក ថាលក់ក្បាល ដោយគ្រាន់តែចេញពន្យល់រឿងពន្ធដារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្ត ចំពោះក្រុមប្រឆាំងដែលវាយប្រហារ និងចោទកញ្ញា កន្និដ្ឋា ដែលរស់នៅថា «លក់ក្បាល» ឱ្យសម្តេច ដោយគ្រាន់តែនាងបានចេញពន្យល់ ពីបញ្ហាពន្ធដារ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ច្បាស់ ។
ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «វាហួសចិត្ត ដែលប្អូនស្រីកន្និដ្ឋា នៅអាមេរិក គ្នាចេញ Show ពន្យល់ គ្រាន់តែចេញ Show មួយពន្យល់រឿងពន្ធដារ គ្រាន់តែគ្នាពន្យល់បានច្បាស់ឱ្យប្រជាពលរដ្ឋយល់ ហើយគ្រាន់តែខ្ញុំថា អរគុណប្អូនស្រីដែលពន្យល់ឱ្យពលរដ្ឋស្តាប់ សម្តេចតេជោក៏ចេញ ស្រាប់តែមានអ្នកជេរគ្នាថា លក់ក្បាលឱ្យ ហ៊ុន ម៉ាណែត ទៀត» ។
សម្តេចលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយមឱ្យតែនរណានិយាយត្រង់ ពីសកម្មភាពវិជ្ជមានរបស់រាជរដ្ឋាភិបាល បែរជាចោទថា ទ្រពង ទ្រជើង លក់ក្បាលទៅវិញ ។
សម្តេចក៏បានសម្តែងការហួសចិត្ត ក្រោយមានការលើកឡើងថា អ្នកទៅបាតុកម្មប្រឆាំងសម្តេចដែលមានត្រឹម ១០០-២០០នាក់ សុទ្ធសឹងតែជាអ្នកស្នេហាជាតិ ប៉ុន្តែចោទអ្នកដែលទៅគាំទ្រសម្តេច ដែលជាពលរដ្ឋខ្មែរមកពីកាណាដា និងបណ្តារដ្ឋនៅអាមេរិក មានរហូតដល់រាប់ពាន់នាក់ ថាជាអ្នកលក់ក្បាលទៅវិញ។ សម្តេចចោទសួរថា តើនេះឬជាការឱ្យតម្លៃប្រជាពលរដ្ឋខ្មែរ ៕