សម្តេចធិបតី៖ ការដំឡើងប្រាក់ខែជូនកម្មករ សម្រាប់ឆ្នាំ២០២៤ ធ្វើឡើងឈរលើគោលនយោបាយ «ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា»
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករ កម្មការិនី សម្រាប់ឆ្នាំ២០២៤ គឺធ្វើឡើងឈរលើគោលនយោបាយ «ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា» ។
ក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលដែលនាំដោយគណបក្សប្រជាជនកម្ពុជា គឺតែងតែផ្តល់អត្ថប្រយោជន៍ជាជំហាន ហើយគិតគូគ្រប់ជ្រុងជ្រោយទាំងអស់ សម្រាប់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមិនថយក្រោយបោះបង់នូវអ្វីដែលខិតខំធ្វើជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីនោះឡើយ។
សម្តេចធិបតីក៏បានកោតសសើរក្រសួងការងារ ដឹកនាំដោយរដ្ឋមន្ត្រី ហេង សួរ ដែលបានខិតខំប្រឹងប្រែងចរចារហូត សម្រេចបានការដំឡើងប្រាក់បៀវត្សជូនកម្មករ កម្មការិនី រហូតដល់ ២០៤ដុល្លារ ក្នុង១ខែ ឱ្យបានមុនឱកាសពិធីបុណ្យកាន់បបិណ្ឌ និងភ្ជុំបិណ្ឌ។
សម្តេចធិបតី ថ្លែងថា «ប៉ុន្មានថ្ងៃនេះឃើញតែគេចេញមកវ៉ៃប្រហាររហូត ពាក់ព័ន្ធនឹងការដំឡើងប្រាក់ខែ បងប្អូនគិតថា ៤ដុល្លារ ក្នុង១ខែ គុណនឹង៧០ ឬ៨០ម៉ឺននាក់ ក៏មិនតិចដែរ ប៉ុន្តែ អ្វីដែលយើងត្រូវយល់ថាកាលៈទេសៈនេះ គឺកាលៈទេសៈដែលយើងលំបាកទាំងអស់គ្នា ហើយការដោះស្រាយនេះ គឺចេញរូបមន្ត «ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់ គ្នា» នេះ ជារូបមន្តដែលយើងបាន ២០៤ដុល្លារនេះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាល គឺបានយល់យ៉ាងច្បាស់ពីទុក្ខលំបាកទាំងសង្ខាង បាតដៃក៏សាច់ ខ្នងដៃក៏សាច់ ទាំងពីរភាគីនយោជក និងកម្មករ កម្មការិនី ប្រៀបបាននឹងអង្ករក្នុងឆ្នាំង ដូច្នេះ វានឹងធ្វើឱ្យប្រទេសជាតិមានភាពសម្បូរសប្បាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រាក់ឈ្នួលរបស់កម្មករ និយោជិតមិនគ្រប់គ្រាន់ទេ តែរាជរដ្ឋាភិបាលប្តេជ្ញាចិត្តដំឡើងជូនកម្មករ និយោជិតរាល់ឆ្នាំ។ ហើយប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ហើយឆ្នាំ២០២៤ អត់មានដំឡើងប្រាក់ឈ្នួលនោះទេ។
សម្ដេចលើកឡើងថា យើងទម្រាំបានចរចាឯកភាពគ្នាចុងក្រោយ ដោយភាគីទាំងអស់បានបោះឆ្នោតគាំទ្រតួលេខ ២០២ដុល្លារ ដោយយល់ថានេះជាតួលេខមួយដែលយើងអាចទទួលយកបានរស់ទាំងអស់គ្នា ចែកគ្នារស់ ហើយជួយគ្នារស់ក្នុងដំណាក់កាលដែលយើងលំបាកនេះ ដែលនេះជាស្មារតីជួយគ្នា ថែរក្សាឆ្នាំងបាយ ថែរក្សាអង្ករ ហើយបង្កើនបន្តិចក្តីតែឱ្យវាកើនក្នុងឆ្នាំង ។ សម្តេចថា តម្លៃពលកម្មខ្ពស់ អាចជារនាំងទាក់ទាញអ្នកវិនិយោគថ្មីមកកម្ពុជា។ ប៉ុន្តែ ទោះជាយ៉ាងណាសម្តេចក៏បានថ្លែងអំណរគុណកម្មករ និយោជិត ដែលបានគាំទ្រការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៤ ៕