សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលថ្មីបន្តគោលនយោបាយមិនយកភាសុីការលក់ដូរតិចតួចនៅតាមផ្សារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មីបន្តគោលនយោបាយលុបបំបាត់ភាសុី ការបង់ថ្លៃភាសុីផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី និងនៅទីតាមទីផ្សារទូទាំងប្រទេស រដ្ឋមិនបន្តយកភាសុីនេះទេ។
សម្តេចធិបតី មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា អាជីវករលក់ដូរតាមផ្សាររដ្ឋ និងនៅទីតាំងផ្សាររដ្ឋ មានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូប មានសិទ្ធិផ្ទេរសិទ្ធិទាំងនោះទៅឲ្យកូនចៅ និងអ្នកដទៃបាន។ ហើយនេះគឺជាអ្វីដែលយើងបានអនុវត្តកន្លងទៅ ហើយរាជរដ្ឋាភិបាលថ្មីក៏នៅតែបន្តលើកលែងមិនយកភាសុីសម្រាប់បងប្អូនតទៅទៀត ៕