រដ្ឋមន្ត្រីក្រសួងការងារ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាងរោងចក្រ នៅតាមបណ្តាខេត្ត និងបង្កើតការងារជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាងរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត និងបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់កម្មករនិយោជិត។ រោងចក្រ សហគ្រាសត្រូវបានពង្រាយទៅតាមបណ្តាខេត្ត និងបានកើនឡើងជាបន្តបន្ទាប់។
ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសចំនួន១៨,០៩៩នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថាជាក់ស្តែង នៅរាជធានីភ្នំពេញមានរោងចក្រ សហគ្រាសសរុបចំនួន៩,៥៩០ និងមានកម្មករនិយោជិតសរុបប្រមាណ៦៦ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបមានចំនួន៧៣៥ និងមានកម្មករនិយោជិតប្រមាណ៣៤ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ឯកឧត្តមរដ្ឋមន្ត្រីបានគោរពថ្លែងអំណរគុណ ដល់ការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខកម្មករនិយោជិត ជាពិសេសសម្តេចធិបតីបានបន្ថែមទឹកប្រាក់ចំនួន២ដុល្លារអាមេរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាបានកើនដល់២០៤ដុល្លារអាមេរិក ចាប់ពីខែមករា ឆ្នាំ២០២៤ខាងមុខ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល ៕