លោក ផែង វណ្ណៈ សូមទោសចំពោះការប្រើពាក្យពេចន៍ ប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន
ភ្នំពេញ៖ តាមរយៈលិខិតដាក់ជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ផែង វណ្ណៈ បានសម្តែងការសោកស្តាយ និងសូមទោសរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានទាំងឡាយ ចំពោះពាក្យពេចន៍មួយចំនួនរបស់លោកដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។
នាយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ លោក ផែង វណ្ណៈ បានសូមទោសក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ។ ជាមួយគ្នានេះ លោក ផែង វណ្ណៈ ស្នើរដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាចាត់វិធានការដោយម៉ឺងម៉ាត់ ចំពោះបុគ្គលដែលប្រើប្រាស់កាតអ្នកកាសែត ជាពិសេសក្រុមអ្នកកាសែតទៅប្រើប្រាស់ខុសវិជ្ជាជីវៈ។
សូមបញ្ជាក់ថា លិខិតសូមទោសរបស់លោក ផែង វណ្ណៈ បានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានមួយក្រុម បានប្តឹងទៅក្រសួងព័ត៌មាន ពាក់ព័ន្ធការប្រើប្រាស់ពាក្យពេចន៍មួយចំនួនរបស់លោក ផែង វណ្ណៈ ទៅកាន់អ្នកសារព័ត៌មាន ៕