ឯកឧត្ដម សុខ ពុទ្ធិវុធ និងឯកឧត្ដម អ៊ូច ភា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់សមាគមមូលនិធិគ្រូបង្រៀន សម្ដេចវិបុលបញ្ញា សុខ អាន តាកែវ
ភ្នំពេញ៖ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់សមាគមមូលនិធិគ្រូបង្រៀន សម្ដេចវិបុលបញ្ញា សុខ អាន តាកែវ។ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាពិគ្រោះយោបល់ គណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាពិគ្រោះយោបល់ នៃសមាគមមូលនិធិគ្រូបង្រៀន សម្ដេចវិបុលបញ្ញា សុខ អាន តាកែវ និងតំណាងក្រុមប្រឹក្សាភិបាលសាខាក្រុងស្រុក សរុបចំនួនជាង ៤០រូប នៅសាលប្រជុំសាលាខេត្ត។
គួររំលឹកផងដែរថា សមាគមនេះត្រូវបានបង្កើតឡើងដោយគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ សម្ដេចវិបុលបញ្ញា សុខ អាន ក្រោមគោលបំណងជួយដល់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងខេត្តតាកែវ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការជួយជំរុញប្រសិទ្ធភាពខ្ពស់នៃការបំពេញវិជ្ជាជីវៈ។
សមាគម មានគោលដៅចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ប្រែក្លាយសេវាអប់រំនៅព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ឱ្យកាន់តែមានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍធនធានមនុស្សសំដៅបម្រើសេដ្ឋកិច្ចទីផ្សារទាំងនៅក្នុងកម្រិតជាតិ តំបន់ និងពិភពលោក។
សកម្មភាពចម្បងៗរបស់សមាគមរួមមាន ការកសាងសាមគ្គីភាព ភាតរភាព និងមិត្តភាពរវាងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ បង្កើតគម្រោងនានា សំដៅលើកកម្ពស់ និងជំរុញជីវភាពរស់នៅរបស់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ឱ្យកាន់តែប្រសើរឡើង ស្វែងរកមធ្យោបាយ និងធនធាន ដើម្បីបង្កើនសមត្ថភាព ជំនាញ ចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិតរបស់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ជំរុញការផ្លាស់ប្ដូរបទពិសោធ ទាំងក្នុងការបង្រៀន ទាំងក្នុងជីវភាពរស់នៅ ជំរុញការផ្ទេរចំណេះដឹងរវាងគ្រូ និងគ្រូ និងការផ្ទេរចំណេះដឹងពីគ្រូទៅសិស្សប្រកបដោយគុណវុឌ្ឍិ និងគុណតម្លៃ លើកកម្ពស់តម្លៃ សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពរបស់គ្រូបង្រៀន បង្កើតវប្បធម៌រាប់អានគ្នាជិតស្និទ្ធិរវាងគ្រូ និងគ្រូ វវាងគ្រូ និងសិស្ស រវាងគ្រូ និងឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស ព្រមទាំងរវាងលោកគ្រូ អ្នកគ្រូ និងសង្គមជាតិ។
តាមរយៈសកម្មភាពក្នុងរយៈពេល៥ឆ្នាំកន្លងមក សមាគម សម្រេចបានលទ្ធផលការងារទៅតាមផែនការ និងកម្មវិធីការងារធ្វើឲ្យដំណើរការប្រព្រឹត្តទៅរបស់សមាគមទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទកៈព្រមទាំងបានចូលរួមចំណែកជួយលើកកម្ពស់ជីវភាពរស់នៅនិងគុណតម្លៃវិជ្ជាជីវៈរបស់គ្រូបង្រៀនយើងឱ្យកាន់តែប្រសើរឡើងថែមទៀត ៕